១-មូលហេតុត្រីកើតជម្ងឺ
ការចិញ្ចឹមត្រី ឧទាហរណ៍ក្នុងរណ្តៅ មិនមែនគ្មានជួបបញ្ហានោះទេ វាអាស្រ័យលើកត្តានៃការគ្រប់គ្រងរបស់អ្នកចិញ្ចឹម។ បើអ្នកមិនយកចិត្តទុកដាក់ក្នុងការចិញ្ចឹមត្រីរបស់ខ្លួនទេនោះ វានឹងជួបបញ្ហាមួយចំនួន ដែលអាចធ្វើឲ្យត្រីកើតជម្ងឺដោយសារចំណុចខ្វះខាតដូចខាងក្រោម ៖
- ទឹកខ្វះគុណភាព កខ្វក់ ឬស្អុយ ដោយសារនៅបាតរណ្តៅមានស្លឹកឈើជ្រុះច្រើនពេក
- កូនត្រីដាក់ចិញ្ចឹមច្រើន ហើយការផ្តល់ចំណីមិនគ្រប់គ្រាន់ ដែលធ្វើឲ្យត្រីមានជម្ងឺខ្វះចំណី
- ផ្តល់ចំណីលើស ដែលបណ្តាលឲ្យមានកាកសំណល់ចំណីកកនៅបាតរណ្តៅច្រើន
- មិនបានផ្លាស់ប្តូរទឹកក្នុងរណ្តៅ ធ្វើឲ្យទឹកក្នុងរណ្តៅស្អុយ
- កាកសំណល់ស្អុយរលួយនៅជុំវិញរណ្តៅ ពេលមានភ្លៀងម្តងៗ វានឹងហូរចូលទៅក្នុងរណ្តៅចិញ្ចឹមត្រី
- មិនបានសម្អាតមេរោគលើខ្លួនត្រី មុនពេលលែងចូលរណ្តៅ
- ដីភក់ដែលយកមកដាក់ក្នុងរណ្តៅមិនល្អ ដែលសម្បូរទៅដោយពពួកបាក់តេរី ប៉ារ៉ាស៊ីត ពពួកផ្សិត និងវីរុស។ល។
ត្រីជាសត្វរស់នៅក្នុងទឹក។ បើសិនជាត្រីកើតជម្ងឺហើយ វាពិបាកក្នុងការព្យាបាលបន្តិច ដូច្នេះដើម្បីការពារកុំឲ្យត្រីកើតជម្ងឺ យើងត្រូវតាមដានត្រីជាប្រចាំនៅពេលឲ្យចំណីម្តងៗ និងសម្អាតជុំវិញកន្លែងចិញ្ចឹមត្រីឲ្យបានល្អដូចជា ៖
- ឧស្សាហ៍បារភក់ចេញពីបាតរណ្តៅ
- ជុំវិញកន្លែងចិញ្ចឹមគ្មានកាកសំណល់សំរាម
- ចំនួនត្រីដាក់ចិញ្ចឹមសមស្រប
- ផ្តល់ចំណីឲ្យបានគ្រប់គ្រាន់
- សម្អាតមេរោគលើខ្លួនត្រីមុនពេលដាក់ចិញ្ចឹម
- ត្រួតពិនិត្យសុខភាពកូនត្រីមុនពេលដាក់ចិញ្ចឹម។ល។
No comments:
Post a Comment